លោក ជុន ច័ន្ទបុត្រ រង់ចាំយោបល់ពីមេធាវីមុនសម្រេចចូលបំភ្លឺឬបដិសេធ
ដោយ កញ្ញា យួង ចន្នី | ថ្ងៃសៅរ៍ ទី២២ ខែមេសា ឆ្នាំ២០១៧ | ម៉ោង 5:49 PMhttp://vodhotnews.com
សិទ្ធិមនុស្ស
នាយករងវិទ្យុអាស៊ីសេរីផ្នែកផ្សាយជាភាសាខ្មែរ លោក ជុន ច័ន្ទបុត្រ ឬ ហួត វុទ្ធី (ហ្វេសប៊ុករបស់លោក)
អនុប្រធានវិទ្យុអាស៊ីសេរី លោក ជុន ច័ន្ទបុត្រ បានឲ្យដឹងថា លោកនឹងអនុវត្តតាមមតិណែនាំរបស់មេធាវីតំណាងរបស់លោក ជុំវិញការកោះហៅរបស់តុលាការរាជធានីភ្នំពេញ។
កាលពីថ្ងៃទី២១ ខែមេសានេះ ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ បានចេញដីកាកោះហៅលោក ហួត ឃីនវុទ្ធី ហៅ ជុន ច័ន្ទបុត្រ ឲ្យចូលបំភ្លឺនៅព្រឹកថ្ងៃទី០២ ខែឧសភាខាងមុខនេះ ជុំវិញដំណើររឿងដែលត្រូវបានគេចោទថា បានផ្ដល់ព័ត៌មានភូតកុហកបន្លំខ្លួនចូលពន្ធនាគារ កាលពីថ្ងៃទី១៩ ខែមេសា។
លោក ជុន ច័ន្ទបុត្រ បានប្រាប់វីអូឌីថា លោកបានត្រៀមខ្លួនរួចរាល់ហើយចំពោះដីកាកោះរបស់សាលាដំបូងរាជធានីភ្នំពេញហើយលោកនឹងផ្ញើរដីកាកោះនោះទៅការិយាល័យអាស៊ីសេរី នៅរដ្ឋធានីវ៉ាស៊ីនតោន។
លោកបញ្ជាក់ថា៖ “ដោយហេតុថា វាជាដីកាកោះស្របច្បាប់ចេញពីសាលាដំបូងចេញពីតុលាការអីមកហើយ ដូច្នេះ ខ្ញុំនឹងបញ្ជូនទៅការិយាល័យកណ្តាលរបស់ខ្ញុំនៅរដ្ឋធានីវ៉ាស៊ីនតោនថា តើគេនឹងរកមេធាវីឬទេ ហើយបើរកមេធាវីថា តើមេធាវីនឹងផ្តល់ឱវាទឱ្យខ្ញុំបែបណា ខ្ញុំនឹងស្តាប់តាមឱវាទរបស់មេធាវី ព្រោះរឿងហ្នឹងវាផុតពីដៃសមត្ថកិច្ចរបស់ខ្ញុំបាត់ហើយ។ ខ្ញុំក៏ហ្នឹងត្រៀមខ្លួនជាស្រេចតាមការឱ្យយោបល់របស់មេធាវី។ បើគេឱ្យខ្ញុំចូលបំភ្លឺ ខ្ញុំត្រៀមខ្លួនជាស្រេចដើម្បីបំភ្លឺការពិតនូវអ្វីដែលបានកើតឡើងនៅថ្ងៃនោះ”។
ទោះជាយ៉ាងណា អនុប្រធានវិទ្យុអាស៊ីសេរីរូបនេះ បានបដិសេធថា លោកមិនបានបន្លំខ្លួនដូចការចោទប្រកាន់នោះទេ។
លោកបញ្ជាក់ថា៖“សម័យហ្វេសប៊ុកនេះ មុខខ្ញុំ រូបថតខ្ញុំ គេស្គាល់ បើខ្ញុំបន្លំលុះត្រាតែខ្ញុំទៅកែមុខមាត់ ពាក់ពុកមាត់អញ្ចឹងទៅ។ ការពិត ប៉ុន្តែ ទី១ មុខមាត់ខ្ញុំនៅដដែល គេចោទថា ពាក់វែនតាខ្មៅ ហីពាក់មួកហ្នឹង អាហ្នឹងខ្ញុំពាក់វ៉ែនតាមីញ៉ូបធម្មតាហ្នឹង គ្រាន់តែវ៉ែនតាត្រូវថ្ងៃពណ៌រាំងស្រគាំ ហើយមួកជាមួកដែលពាក់ខែក្តៅទេ នៅពេលដែលចូលទៅដល់ក្នុងក៏ដោះមួកទៅ។ ដូច្នេះ អាការបន្លំក៏មិនមានដែរ”។
លោកបានបន្ថែមថា កាចូលទៅក្នុងពន្ធនាគារលោកបានឆ្លងកាត់ការត្រួតពិនិត្យបីដំណាក់កាលឯណោះ ប៉ុន្តែ ពុំមានការហៅឱ្យចុះឈ្មោះនោះទេ។
លោកថា ទាល់តែបានចូលទៅជួបអ្នកនៅក្នុងពន្ធគាទាំង ២១រូប រួចរាល់ទើបគេហៅឱ្យចុះឈ្មោះ ហើយលោកបានសរសេរឈ្មោះពិតប្រាកដរបស់ខ្លួន តាមការចង្អុលបង្ហាញរបស់គេ ប៉ុន្តែ មិនបានសរសេរតួនាទីនៅក្នុងក្រដាសនោះថា ជាជំនួយការដូចការចោទប្រកាន់នោះទេ៕