អ្នកវិភាគនិងមន្ត្រីបក្សប្រឆាំងថាសេចក្ដីថ្លែងការណ៍របស់រដ្ឋាភិបាលគឺព្យាយាមលាងសម្អាតខ្លួន
ដោយ មាន ឫទ្ធិ2017-04-12
RFA
ស្ដាប់ ឬ ទាញយកសំឡេង
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោកបណ្ឌិត មាស នី ក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំក២០១៥។ Photo: RFA
រដ្ឋាភិបាលតាមរយៈក្រសួងការបរទេសរបស់ខ្លួន
កាលពីថ្ងៃទី១១ ខែមេសា នេះ
ចេញផ្សាយសេចក្តីថ្លែងការណ៍ប្រាប់ពីការពិតអំពីលទ្ធិប្រជាធិបតេយ្យ
និងសិទ្ធិមនុស្សនៅកម្ពុជា។
សេចក្តីថ្លែងការណ៍នេះចោទប្រកាន់បស្ចិមលោក
និងអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ
ថាបានធ្វើយុទ្ធនាការកាន់តែខ្លាំងឡើង
ដើម្បីកៀរគរឲ្យមានការផ្លាស់ប្ដូររបបដឹកនាំនៅក្នុងសង្គមកម្ពុជា
បច្ចុប្បន្ន។ ប៉ុន្តែអ្នកវិភាគ និងមន្ត្រីបក្សប្រឆាំង
ថាសេចក្តីថ្លែងការណ៍នេះពុំមានអ្វីថ្មី
និងមិនឆ្លុះបញ្ចាំងឲ្យឃើញពីការពិតនោះទេ។ ពួកគេថា
រដ្ឋាភិបាលកំពុងព្យាយាមលាងសម្អាតខ្លួនឯងចំពោះអ្វីដែលអន្តរជាតិបានចោទប្រកាន់មកលើរដ្ឋាភិបាលនាពេលកន្លងមក។
ស្របពេលដែលនៅមិនដល់ប្រមាណជាពីរខែទៀត ដែលកម្ពុជា នឹងរៀបចំដំណើរការបោះឆ្នោតឃុំ–សង្កាត់ឆ្នាំ២០១៧
ក្រសួងការបរទេស កាលពីព្រលប់ថ្ងៃទី១១ ខែមេសា នេះ
ហាក់ប្រញាប់ប្រញាល់ចេញផ្សាយនូវសេចក្តីថ្លែងការណ៍កម្រាស់
១៧ទំព័រមួយ ដាក់ចំណងជើងថា «កម្ពុជា លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស៖ ប្រាប់ពីការពិត»។
ខ្លឹមសារក្នុងសេចក្តីថ្លែងការណ៍អះអាងថា ក្រុមបស្ចិមប្រទេស
និងអង្គការអន្តរជាតិ
កំពុងធ្វើយុទ្ធនាការយ៉ាងសស្រាក់សស្រាំដើម្បីឲ្យមានការផ្លាស់ប្ដូររបបគ្រប់គ្រងនៅកម្ពុជា
ហើយថាទង្វើនេះជាការប្រឆាំងនឹងឆន្ទៈរបស់ប្រជាជនខ្មែរ
និងរំលោភអធិបតេយ្យកម្ពុជា។
តាមរយៈសេចក្តីថ្លែងការណ៍ដ៏វែងអន្លាយលើកនេះ
រដ្ឋាភិបាលមិនត្រឹមតែបានថ្លែងឆ្លើយការពារខ្លួនពីការរិះគន់
និងចោទប្រកាន់នានាពីសំណាក់រដ្ឋាភិបាលបស្ចិមលោក
និងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិនានានាពេលកន្លងមក
ពាក់ព័ន្ធនឹងករណីរំលោភសិទ្ធិមនុស្ស
និងដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ប៉ុណ្ណោះទេ
ក៏ប៉ុន្តែរដ្ឋាភិបាលក៏បានចោទបស្ចិមប្រទេស
និងអង្គការអន្តរជាតិទាំងនោះ ថាកំពុងធ្វើយុទ្ធនាការមួលបង្កាច់ការពិត
ភូតកុហក បំប៉ោងបញ្ហាតូចតាចក្នុងគោលបំណងបង្ខូចកេរ្តិ៍ឈ្មោះ
និងដាក់កំហុសទៅលើស្ថាប័នស្របច្បាប់របស់ខ្លួនសព្វថ្ងៃ។
រដ្ឋាភិបាលថ្លែងថា គោលបំណងនៃការចេញផ្សាយសេចក្តីថ្លែងការណ៍នេះ
គឺរដ្ឋាភិបាលកម្ពុជា ចង់បំភ្លឺ
និងបញ្ជាក់ការពិតឲ្យដាច់ស្រឡះតែម្តង។
ដោយលើកយកធម្មនុញ្ញអង្គការសហប្រជាជាតិ
ធម្មនុញ្ញអាស៊ាន និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ ជាសំអាង
សេចក្តីថ្លែងការណ៍ក៏មិនបានបំភ្លេចរំឭកថា កម្ពុជា
ជាប្រទេសអធិបតេយ្យ
ហើយថាអធិបតេយ្យភាពនេះត្រូវតែទទួលបានការគោរពដោយពេញលេញ។
សេចក្តីថ្លែងការណ៍បន្តថា
លទ្ធិប្រជាធិបតេយ្យមិនមែនសមមូលទៅនឹងការបដិសេធនូវនីត្យានុកូលភាពនៃស្ថាប័នដែលស្របតាមរដ្ឋធម្មនុញ្ញ
ការបរិហារកេរ្តិ៍ថ្នាក់ដឹកនាំនយោបាយដោយមិនរើសមុខ
ការញុះញង់ឲ្យមានកំហឹងជាតិសាសន៍ ការបំពានច្បាប់
ការញុះញង់ជាប្រចាំបង្កភាពតានតឹងនយោបាយ
និងកកូរកកាយបង្កបរិយាកាសសង្គ្រាមស៊ីវិលនោះទេ។
បញ្ហាចម្បងៗមួយចំនួនដែលត្រូវបានលើកយកមកលាតត្រដាង
ផ្តល់អំណះអំណាង ហើយដែលរដ្ឋាភិបាលអះអាងថាជាការពិត
ត្រឹមត្រូវនៅកម្ពុជា នោះរួមមាន
បញ្ហាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រកន្លងទៅថ្មីៗនេះ ហេតុផល
និងអំណះអំណាងស្ដីពីការអនុម័តច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ
បញ្ហាដីធ្លី បញ្ហាដែលចោទថាប្រព័ន្ធតុលាការជាឧបករណ៍នយោបាយ
បញ្ហាសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជា
ច្បាប់ស្ដីពីអង្គការមិនមែនរដ្ឋាភិបាល បញ្ហារបស់គណបក្សប្រឆាំង
ព្រមទាំងការវាយតម្លៃសិទ្ធិមនុស្ស និងប្រជាធិបតេយ្យរបស់កម្ពុជា។
អ្នកឃ្លាំមើលបញ្ហាសង្គម លោកបណ្ឌិត មាស នី
បានចោទជាចម្ងល់ពាក់ព័ន្ធទៅនឹងពេលវេលានៃការចេញផ្សាយសេចក្តីថ្លែងការណ៍នេះ។
លោកថា
សេចក្តីថ្លែងការណ៍នេះជាការលាងខ្លួនរបស់រដ្ឋាភិបាលក្រោយពីមានប្រតិកម្មជាច្រើនពីសំណាក់អន្តរជាតិ៖
«បើយើងមើលទៅជារបាយការណ៍លាងខ្លួនក្រោយពីមានប្រតិកម្មបន្តបន្ទាប់
ទាំងនៅក្នុងថ្នាក់អន្តរជាតិ ទាំងនៅក្នុងតំបន់
ហើយទាំងនៅក្នុងស្រុក ជាពិសេសតាមរយៈសង្គមស៊ីវិលផង
ហើយដែលពីមុនមករដ្ឋាភិបាលបានត្រឹមតែឆ្លើយតបតាមសម្ដីរបស់អ្នកនាំពាក្យ។
ក៏ប៉ុន្តែរបាយការណ៍ក្រសួងការបរទេស
នេះគឺជារបាយការណ៍ផ្លូវការមួយឆ្លើយតបទៅនឹងរាល់ប្រតិកម្មទាំងអស់ដែលមានមកពីមុនមក
ជាពិសេសនៅគ្រប់វិស័យដែលកំពុងតែរងសម្ពាធនៅការតាមដានពីបរទេស។
អ៊ីចឹងរបាយការណ៍នេះជារបាយការណ៍មួយសម្រាប់ឆ្លើយតប។
បើនិយាយទៅជារបាយការណ៍ដើម្បីលាងខ្លួន
ឬក៏ដុះសម្អាតនូវអ្វីដែលជាការចោទប្រកាន់ពីខាងក្រៅ»។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន
ឆ័យ ផ្ដល់បទសម្ភាសន៍ក្នុងវេទិកាសិក្ខាសាលារួមគ្នាលើកទី៧
ស្ដីពីបទពិសោធន៍ក្នុងការតាមដានត្រួតពិនិត្យថវិកាជាតិ
និងការគ្រប់គ្រងវិនិយោគសាធារណៈ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧។
RFA/Brach Chev
មិនខុសពីការយល់ឃើញរបស់លោកបណ្ឌិត មាស នី ដែរ
សម្រាប់មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង លោក សុន ឆ័យ លោកយល់ឃើញថា
សេចក្តីថ្លែងការណ៍នេះមិនមានចំណុចអ្វីដែលច្បាស់លាស់នោះទេ
ហើយថារដ្ឋាភិបាលពុំមានមូលដ្ឋានក្នុងការចោទប្រកាន់បស្ចិមប្រទេស
ថាបានធ្វើនយោបាយលូកដៃដើម្បីបង្កឲ្យមានការកាន់ជើងគណបក្សប្រឆាំង។
ផ្ទុយទៅវិញ លោក សុន ឆ័យ ថ្លែងថា
សេចក្តីថ្លែងការណ៍នេះមិនបានឆ្លុះបញ្ចាំងពីការពិតនោះទេ។
លោកថ្លែងថា ជារឿយៗ
រដ្ឋាភិបាលតែងតែធ្វើការប្រកែកយ៉ាងឆាប់រហ័សទៅលើការរិះគន់
ឬក៏ការរកឃើញនូវកំហុសខុសឆ្គងនានាពីសំណាក់អង្គការសង្គមស៊ីវិលជាតិ
និងអន្តរជាតិ ពោលគឺមិនដែលយកចំណុចណាមួយទៅពិនិត្យ
ដើម្បីនឹងកែលំអនោះទេ។
លោកបន្តថា
ប្រជាពលរដ្ឋខ្មែរដែលជាម្ចាស់ស្រុករស់នៅរាល់ថ្ងៃនេះ
យល់ដឹងពីសភាពការពិតនៅក្នុងសង្គមកម្ពុជា បានយ៉ាងច្បាស់
មិនអាចប្រកែកបានឡើយ៖ «ប្រទេសកម្ពុជា
គឺជាប្រទេសអនុវត្តទៅតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស
ដែលមានការធានាឲ្យមានការគោរពសិទ្ធិមនុស្ស
ឲ្យមានការអនុវត្តប្រជាធិបតេយ្យឲ្យត្រឹមត្រូវអីជាដើម។
ហើយអង្គការមួយចំនួន និងប្រទេសដែលជួយជំនួយមួយចំនួន
ដូចជាមិនមានផ្តល់ថវិកាដើម្បីឲ្យគណបក្សប្រឆាំងទៅធ្វើអីចំណេញនយោបាយអីផង។
ភាគច្រើនដែលធ្វើ គឺជួយសង្គម ជួយអភិវឌ្ឍជនបទ
ជួយពង្រឹងការផ្តល់សេវាសុខភាព ហើយនឹង NGO មួយចំនួន
ជួយការផ្តល់យោបល់ខាងផ្នែកច្បាប់ដល់ពលករក្រីក្រ
ឬក៏ជួយការពារសិទ្ធិរបស់ពលរដ្ឋ។ ដូច្នេះ
ខ្ញុំថារបាយការណ៍ហ្នឹងមិនឆ្លុះបញ្ចាំងការពិតប៉ុន្មានទេ
ហើយការព្រួយបារម្ភដែលលើកឡើងក្នុងរបាយការណ៍ មិនសមហេតុសមផល»។
ក្រៅពីការលើកឡើងពីខាងលើនេះ លោកបណ្ឌិត មាស
នី ក៏បានដាក់ក្តីមន្ទិលសង្ស័យផងដែរថា
រដ្ឋាភិបាលហាក់មានការភ័យខ្លាចចំពោះការដាក់សម្ពាធណាមួយពីបស្ចិមប្រទេស
នៅខណៈដែលស្ថានភាពនយោបាយនៅកម្ពុជា កំពុងតែមានការតឹងតែងឡើងៗ។
លោកបារម្ភថា
ប្រសិនបើមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចណាមួយពីបស្ចិមប្រទេសប្រឆាំងនឹងរដ្ឋាភិបាល
នោះពលករជាច្រើននឹងធ្វើចំណាកស្រុកកាន់តែច្រើនឡើង
ហើយថាការណ៍នេះជាការបង្កគ្រោះថ្នាក់ដល់សង្គមជាតិកម្ពុជា
នាពេលខាងមុខ៖ «យើងអាចពឹងទៅលើចិន បានមែន
ភាគច្រើនមែន កម្ចីចិន រាប់ពាន់លានដុល្លារមែន
បើសិនណាជាបស្ចិមប្រទេសគេមិនទទួលទិញនូវផលិតផលដូចជាវាយនភ័ណ្ឌ
ក្រណាត់កាត់ដេររបស់យើងនេះ យើងនឹងមានបញ្ហាធំមួយ
គឺបញ្ហាក្នុងស្រុក។ រោងចក្រ
តើនឹងមានបញ្ហាអ្វីកើតឡើងទៅលើកម្មករដែលគ្នាកំពុងធ្វើការក្នុងរោងចក្រសព្វថ្ងៃ? ហើយបើសិនជាមានការដាក់ទណ្ឌកម្មបែបនោះមែន
អ្វីដែលយើងមានការព្រួយបារម្ភនោះ
គឺថាកម្លាំងពលករទាំងអស់នឹងអាចហូរចូលទៅប្រទេសថៃ
គគ្រឹកគគ្រេងកើនមួយជាពីរ មួយជាបី។
អាហ្នឹងជាគ្រោះថ្នាក់សម្រាប់សង្គមជាតិយើងនាពេលខាងមុខ។
ទីចុងបំផុត ដីយើងអត់មានខ្មែរនៅទេ។
យើងនាំគ្នារត់ទៅជ្រកនៅលើដីថៃ ទាំងអស់
ហើយប្រទេសយើងទុកឲ្យអ្នកដទៃនៅ។ នេះជាអ្វីដែលយើងព្រួយបារម្ភ»។
ទំនាក់ទំនងរវាងកម្ពុជា និងបស្ចិមប្រទេស
ជាពិសេសសហរដ្ឋអាមេរិក មួយរយៈចុងក្រោយនេះ
ហាក់មានភាពល្អក់កករក្រោយពេលដែលអាមេរិក និងបស្ចិមប្រទេសនានា
បានរិះគន់រដ្ឋាភិបាលកម្ពុជា
យ៉ាងធ្ងន់ៗពាក់ព័ន្ធនឹងករណីធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ
ការចាប់អ្នកការពារសិទ្ធិមនុស្សដាក់ពន្ធនាគារ
និងការគាបសង្កត់គណបក្សប្រឆាំង។ ដូចគ្នានេះដែរ កម្ពុជា
ក៏បានទាមទារឲ្យអាមេរិក លុបចោលបំណុលតាំងពីសម័យសង្គ្រាមសរុបជាង
៥០០លានដុល្លារអាមេរិក ក៏ប៉ុន្តែត្រូវបានអាមេរិកបដិសេធ៕